ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត សម្រាប់រយៈពេល៩ខែ នៃឆ្នាំ២០២១

 


ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ក្នងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះត្រូវគិតគូរអំពីចង្ហាន់ និងទេយ្យវត្ថុនានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាលវត្តអារាមនានាក្នុងមូលដ្ឋានខ្លួន ពីព្រោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋ ដែលត្រូវទៅវត្តអារាមតែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដើម្បីការពារកាឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។  ជាពិសេសកងកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបន្តខិតខំបង្ក្រាបបទល្មើស ក៏ដូចជាល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានលើកឡើងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមបានដឹងនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល សម្រាប់៩ខែ នៃឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង ១១ កងកម្លាំងទាំងបី  មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអជ្ញាធរ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់

ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ កងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ និងត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឲ្យនាំគ្នាអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្ត តាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ  ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ 

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម បានពិនិត្យពិភាក្សា អំពីផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២១ និងបានផ្សព្វផ្សាយអំពី សេចក្តីណែនាំរួមលេខ ០២៦ គ.ជ.ប សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការ អនុវត្តផែនការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នាពេលខាងមុខនេះផងដែរ៕



















លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានដង្ហែអង្គផ្ការស្មីសាមគ្គីចូលវត្តព្រហ្មចារីយ៍ហៅវត្តព្រែកក្របៅ!

 


ខ្សាច់កណ្តាល៖ នៅរសៀលថ្ងៃ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១​វេលាម៉ោង២ៈ០០នេះ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា  ថ្នាក់ដឹកនាំសមាគម សមាជិក​-សមាជិការបស់សមាគម និងពុទ្ធបរិស័ទចំណុចជើងវត្តព្រហ្មចារីយ៍ ហៅវត្តព្រែកក្របៅ បានដង្ហែបុណ្យផ្កាសាមគ្គីដើម្បីប្រមូលបច្ច័យយកទៅកសាងបង្កាន់ដៃសាលាឆាន់។​

នៅក្នុងពិធីនោះ មានវត្តមានថ្នាក់ដឹករបស់សមាគម សមាជិក-សមាជិកា និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនបានមកចូលរួមដង្ហែ ដែលញ៉ាំងឲ្យពិធីនេះរឹតតែអធិកអធម។​

ជាកិច្ចចាប់ផ្តើមពិធីព្រះសង្ឃបានសូត្រចម្រើនព្រះបរិត្តដែលមានលោកតាអាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត និងថ្នាក់ដឹកនាំសមាគម ព្រមទាំងសមាជិក-សមាជិការបស់សមាគមបានត្រងត្រាប់ស្តាប់នូវព្រះធម៌។​

ក្នុងពិធីដង្ហែអង្គផ្កាបច្ច័យដែលលោក ទេស វិបុល និងក្រុមការងារបានរៃអង្គាសពីក្រុមការងារហើយប្រគេនទៅព្រះគ្រូចៅអធិការវត្តគឺមានចំនួន៦០០ដុល្លារ។​

ចំណែកលោក ឃីម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងក្រុមគ្រួសារក៏បានចូលរួមចំណែកក្នុងពិធីបុណ្យផ្កានេះដែរ ហើយក្នុងនោះលោកចាងហ្វាងនិងក្រុមគ្រួសារក៏បាននាំនូវបច្ច័យចំនួន៤០០ដុល្លារ និងប្រាក់រៀល២៤០ ០០០រៀល ព្រមទាំងទេយ្យទានមួយចំនួនប្រគេនព្រះគ្រូចៅអធិការវត្តផងដែរ។​

លោក ទេស វិបុល បានប្រគេនបច្ច័យដែលប្រមូលបានពីបុណ្យផ្កាសរុបនេះមានចំនួន(១០០០ដុល្លារ និង២៤០​០០០រៀល)ទៅព្រះគ្រូចៅអធិការវត្ត សេង សុភ័ស្ត។​

អង្គពិធីបានចប់សព្វគ្រប់នៅវេលាម៉ោង​៤ៈ១០នាទីនៅថ្ងៃខែឆ្នាំដដែល៕






គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២១

 


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការកិច្ចការពារកុមារផ្តោតលើការថែទាំជំនួស និងអំពើហឹង្សាក្នុងគ្រួសារលើកុមារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល។

លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល មានប្រសាសន៏ថា៖គោលបំណងក្នុងកិច្ចប្រជុំនេះគឺធ្វើការបូកសរុបលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១និងពិនិត្យ ពិភាក្សារកដំណោះស្រាយពីបញ្ហាប្រឈមដែលកើតមាន និងកំណត់សកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត។

លោកជំទាវបានបញ្ជាក់ថា៖ ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មានភារកិច្ចសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់ដល់មន្ត្រីអធិការកិច្ចនៃរដ្ឋបាលក្រុង-ស្រុក ក្នុងការធ្វេីអធិការកិច្ចកំណើនថែទាំកុមារទាំងអស់ចំនួន២ដងក្នុងមួយឆ្នាំនៅក្នុងក្រុង-ស្រុករបស់ពួកគេផ្ទាល់ និងសម្របសម្រួលដល់មន្រ្តីបង្គោលសុខមាលភាពកុមារ កិច្ចការពារកុមារនៃរដ្ឋបាលក្រុង-ស្រុក ក្នុងការគ្រប់គ្រងករណីកិច្ចការពារកុមារនៅក្នុងមូលដ្ឋានផ្ទាល់។

លោកជំទាវបានបន្ថែមថា មន្ទីរត្រូវគ្រប់គ្រងបុគ្គលិកសង្គម និងគាំទ្រក្នុងករណី រួមទាំងការស្វែងរកការប៉ាន់ប្រមាណនឹងសមាហរណកម្មគ្រួសារ ព្រមទាំងជួយដល់កុមារដែលមានហានិភ័យ ឬជនរងគ្រោះនៃការរំលោភបំពានអំពើហឹង្សា និងការកេងប្រវ័ញ្ញដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលអាចគាំទ្រក្នុងការគ្រប់គ្រងករណី ផ្តល់សេវាសុខមាលភាព ឬធ្វើសមាហរណកម្មពីការថែទាំកុមារនៅក្នុងមណ្ឌល និងជួយសម្របសម្រួលដំណើរការបម្រែមណ្ឌលថែទាំកុមារទៅជាសេវាថែទាំកុមារតាមសហគមន៏ និងការគ្រប់គ្រងករណីរួមគ្នា។

លោកជំទាវក៏បានសំណូមពរបន្ទាប់ពីកិច្ចប្រជុំនេះចប់ទៅ នៅពេលចុងឆ្នាំដែលត្រូវបូកសរុបម្តងទៀតសូមអង្គការដៃគូរផ្តល់កិច្ចសហការក្នុងការផ្តល់របាយការណ៏ផ្ញើរអោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាដើម្បីពិនិត្យមើលតើនូវខ្វះចន្លោះណាខ្លះ និងសំណូមពរដល់មន្ទីរសង្គមកិច្ចបន្តកិច្ចសហការក្នុងការអនុវត្តផែនការកិច្ចការពារកុមារនេះអោយកាន់តែល្អប្រសើរ។
















ព្រះមហាក្សត្រ សម្តេចម៉ែស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

 


​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ​ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញនៅវេលារសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២១ កន្លងមកនោះ។

ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជារាស្រ្តជាកូនចៅ ចៅទួត សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូម​បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាដើម សូមជួយបីបាច់ថែរក្សា និងថ្វាយព្រះពរជ័យសិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សូមព្រះអង្គ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូត របស់ព្រះអង្គជាដរាបតរៀងទៅ៕







លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ខេត្តស្វាយរៀង

 


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញប្រគេនទេយវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹក ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដេលជាថ្ងៃកាន់បិណ្ឌវេនទី៣ ។ 

ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ លោកជំទាវក៏បាន បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រៃឆ្លាក់ រួមមាន ៖ អង្ករ ២បាវ ត្រី ១កេស មីជាតិ ១០កេស ស្ករស ១បាវ ទឹកដោះគោ ១កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស ប៊ីចេង ៥គីឡូក្រាម ប្រេងឆា ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ខ្ទឹមស ៥គីឡូក្រាម អំបិល ១០គីឡូក្រាម តែ ២កញ្ជប់ធំ ធូប ២ដុំ ទៀន ២ដុំ អាលកុល ១កាន ម៉ាស់ ១០ប្រអប់ និងបច្ច័យ ១លានរៀល ។

គួរបញ្ជាក់ផងដែរថា វត្តព្រៃឆ្លាក់នេះ ត្រូវបានក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ជំងឺកូវីដ១៩ ខេត្តស្វាយរៀងបានបង្ហាញថា មានអ្នកវិជ្ជមានកូវីដ ១៩ ប្រភេទដែលតា បានទៅវត្តព្រៃឆ្លាក់កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ហើយទីតាំងវត្តក៏ត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មកម្ល៉េះ។ 

ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ៕













 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097